[៤៥] សាវត្ថីនិទាន។ គ្រានោះ នន្ទិយបរិព្វាជក ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះនន្ទិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានព្រះនិព្វាន ជាទីបំផុត មានប៉ុន្មានហ្ន៎។ ម្នាលនន្ទិយៈ ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វានជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វាន ជាទីបំផុតនេះ មាន ៨ យ៉ាង។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលនន្ទិយៈ ធម៌ទាំង ៨ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត។