[៦៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់នឹងបានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ទើបបណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។