[៥៨] បាដលិបុត្តនិទាន។ ម្នាលអាវុសោ អានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ព្រហ្មចារី (បុគ្គលអ្នកប្រព្រឹត្ត នូវធម៌ដ៏ប្រសើរ) តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការស្វែងរកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ អានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេចព្រហ្មចារី តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលអាវុសោ បុគ្គលឯណា ប្រកបដោយមគ្គ ដ៏ប្រសើរ មានដោយអង្គ ៨ នេះ បុគ្គលនេះ ហៅថា ព្រហ្មចារី។ ម្នាលអាវុសោ ការអស់ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុត របស់ព្រហ្មចរិយៈ។ ក្នុងសូត្រ៣នេះ មាននិទានតែមួយ។
ចប់ វិហារវគ្គ ទី២។