ពលករណីយវគ្គ
[២៦៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ក៏រមែងធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។
[២៦៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក