ពោជ្ឈង្គ អានាបានាទិបេយ្យាល
[៦៣៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា(១) ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយដូចម្តេច ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ យ៉ាងនេះ បានធ្វើឲ្យច្រើនហើយ យ៉ាងនេះ ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។
(១) ការសំគាល់ថា រាងឆ្អឹង ៗ ហៅថា អដ្ឋិកសញ្ញា។