[៦៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ ឧទ្ធម្ភាគិយសំយោជនៈ ៥ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះ ឈ្មោះ ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ ភិក្ខុត្រូវចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះឯង។ ចំរើនពោជ្ឈង្គ ៧ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈជាទីបំផុត មានការលះបង់ទោសៈជាទីបំផុត មានការលះបង់មោហៈជាទីបំផុត ចុះស៊ប់ទៅរកព្រះនិព្វាន មានព្រះនិព្វាននៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត ជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ បណ្ឌិតត្រូវចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។