ដើម្បីបិណ្ឌបាត ហើយមិនឲ្យគេប្រគេនអ្វីៗដល់ភិក្ខុនោះ ស្រាប់តែបញ្ជូនឲ្យត្រឡប់ទៅវិញ (ដូច្នេះ)សោះ។បេ។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ បានឮថា អ្នកឯងបបួលភិក្ខុថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិនឲ្យគេ (ឲ្យអ្វីៗ)ដល់ភិក្ខុនោះ (បែរជា) បញ្ជូនឲ្យត្រឡប់ទៅវិញ ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនេះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹងបបួលភិក្ខុផងគ្នាថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិនឲ្យគេឲ្យ(អ្វីៗ)ដល់ភិក្ខុនោះ (បែរជា) បញ្ជូនឲ្យត្រឡប់ទៅវិញ ដូច្នេះឡើយ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយនិយាយនឹងភិក្ខុយ៉ាងនេះថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងទៅកាន់ស្រុក ឬនិគមដើម្បីបិណ្ឌបាត ហើយឲ្យគេឲ្យ ឬមិនឲ្យគេឲ្យ (អ្វីៗ)ដល់ភិក្ខុនោះ ហើយបញ្ជូនឲ្យត្រឡប់ទៅវិញដោយពាក្យថា នែអាវុសោ លោកចូរទៅវិញចុះ ខ្ញុំនិយាយ ឬអង្គុយជាមួយនឹងលោកមិនសប្បាយទេ