ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​គង់​សិន​ ​កុំអាល​និមន្ត​ទៅ​។​ ​បុរស​នោះ​(​បាន​និយាយ​)​ជា​គំរប់​ពីរ​ដង​។​បេ​។​ ​បុរស​នោះ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ជា​គំរប់​បីដង​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​និមន្ត​ទៅវិញ​ចុះ​ ​ព្រោះ​យើងខ្ញុំ​បាន​ប្រគេន​ចង្ហាន់​ដល់​លោកម្ចាស់​ហើយ​។​ ​ឯ​ស្ត្រី​នោះ​សោត​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ជា​គំរប់​បីដង​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​គង់​សិន​ ​កុំអាល​និមន្ត​ទៅ​ឡើយ​។​ ​ឯ​បុរស​នោះ​ ​ក៏​ដើរចេញ​អំពី​ផ្ទះ​ទៅ​ ​ហើយ​ពោលទោស​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​លោកម្ចាស់​ឧប​នន្ទ​នេះ​ទៅ​អង្គុយ​ក្នុង​ផ្ទះ​សម្រាប់​ដេក​ជាមួយនឹង​ប្រពន្ធ​របស់ខ្ញុំ​ ​ព្រះ​ឧប​នន្ទ​នោះ​ ​កាល​ខ្ញុំ​បញ្ជូន​ឲ្យ​ទៅវិញ​ ​ក៏​មិន​ចង់ទៅ​ ​យើងខ្ញុំ​ទាំងឡាយ​ជា​អ្នកមាន​កិច្ច​ច្រើន​ ​មាន​រវល់​ច្រើន​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​អម្បាល​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​មិនសមបើ​នឹង​ហ៊ាន​ចូល​ទៅ​អង្គុយ​នៅក្នុង​ត្រកូល​ដែល​មាន​ជន​តែ​ពីរ​នាក់​ ​(​គឺ​តែ​ប្រុស​ ​និង​ស្រី​)​ ​(​ដូច្នោះ​)​ ​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ឧប​នន្ទ​ ​ឮថា​ ​អ្នកឯង​បាន​ចូល​ទៅ​អង្គុយ​នៅក្នុង​ត្រកូល​ដែល​មាន​ជន​តែ​ពីរ​នាក់​ ​ពិតមែន​ឬ​។​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់