[៤០៨] សម័យនោះឯង មានភិក្ខុ១រូប ជាជីតុនរបស់ត្រកូលនោះ។ លំដាប់នោះ ក្នុងវេលាព្រឹកព្រហាម ភិក្ខុនោះបានស្លៀកស្បត់ ហើយប្រដាប់ដោយបាត្រនិងចីវរ ដើរចូលទៅកាន់ត្រកូលនោះ លុះចូលទៅហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលទុក។ វេលានោះ ភិក្ខុនោះជួនជាមានជម្ងឺផង។ គ្រានោះ មនុស្សទាំងឡាយ ក៏បាននិយាយពាក្យនេះនឹងភិក្ខុនោះថា បពិត្រលោកម្ចាស់ដ៏ចំរើន ចូរលោកម្ចាស់និមន្តឆាន់សិន។ វេលានោះ ភិក្ខុនោះនឹករង្កៀសថា ភិក្ខុដែលគេមិនបាននិមន្ត ហើយទទួលយកខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃរបស់ខ្លួន អំពីពួកត្រកូលដែលសង្ឃបានសន្មតថាជាសេក្ខត្រកូលហើយ (យកមក)ទំពាស៊ី ឬបរិភោគ ព្រះដ៏មានព្រះភាគហាមហើយ បានជាមិនហ៊ានទទួល ហើយមិនអាចដើម្បីដើរទៅបិណ្ឌបាតបាន ក៏អត់ចង្ហាន់។ វេលានោះ ភិក្ខុនោះត្រឡប់ទៅវត្តវិញ បានដំណាលប្រាប់រឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានជម្ងឺ ទទួលយកខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃរបស់ខ្លួន អំពីពួកត្រកូលដែលសង្ឃបានសន្មតថាជាសេក្ខត្រកូល ហើយ(យកមក)