សិក្ខាបទ​ទី៤​ ​


 [​៤១២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់នៅ​និគ្រោធារាម​ ​ទៀប​ក្រុង​កបិលពស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ឯង​ ​មាន​ពួក​ទាសៈ​របស់​សាកិយ​ជន​ ​ជា​មនុស្សខូច​កាច​។​ ​ពួក​ស្រី​សាកិយៈ​ប្រាថ្នា​ដើម្បីនឹង​ធ្វើ​នូវ​ភត្ត​ ​(​ប្រគេន​ពួក​ភិក្ខុ​ដែល​នៅ​)​ ​ក្នុង​ទីសេនាសនៈ​ដែល​តាំងនៅ​ក្នុង​ព្រៃ​។​ ​ពួក​ទាសៈ​របស់​សាកិយ​ជន​បានឮ​ដំណឹង​ថា​ ​ឥឡូវ​ ​ឮ​ថា​ពួក​ស្រី​សាកិយៈ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​ធ្វើ​នូវ​ភត្ត​ ​(​ប្រគេន​ពួក​ភិក្ខុ​ដែល​នៅ​)​ ​ក្នុង​ទីសេនាសនៈ​ដែល​តាំងនៅ​ក្នុង​ព្រៃ​។​ ​ពួក​ទាសៈ​ទាំងនោះ​នាំគ្នា​ទៅ​ពួន​សម្ងំ​ចាំស្ទាក់​ជិត​ផ្លូវ​។​ ​(​លុះ​)​ ​ពួក​ស្រី​សាកិយៈ​នាំ​យក​ខាទ​នីយៈ​ ​និង​ភោជ​នីយៈ​ដ៏​ឧត្តម​ចេញ​ដើរ​តម្រង់​ទីសេនាសនៈ​ ​ដែល​តាំង​ក្នុង​ព្រៃ​ ​ឯ​ពួក​ទាសៈ​របស់​សាកិយៈ​ជន​ ​ក៏​ស្ទុះ​ចេញទៅ​ប្លន់​ពួក​ស្រី​សាកិយៈ​ ​ហើយ​ប្រទូស្ត​ថែមទៀត​ផង​។​ ​ពួក​សាកិយ​ជន​ក៏បាន​ចេញទៅ​ចាប់​ពួក​ចោរ​ទាំងនោះ​ព្រមទាំង​ពស្តុតាង​ ​ហើយក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​កាល​ពួក​ចោរ​វា​នៅ​ជិត​វត្ត​ ​លោកម្ចាស់​ទាំងឡាយ​មិន​គួរ​នឹង​មិន​ប្រាប់​ ​(​យើង​ឲ្យដឹង​ផង​សោះ​)​។​ ​កាល​ពួក​សាកិយ​ជន​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​។​ ​
ថយ | ទំព័រទី ៤២៥ | បន្ទាប់