វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​វេលា​នោះ​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​តថាគត​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​ពួក​ភិក្ខុ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ទាំង១០យ៉ាង​ ​គឺ​ដើម្បី​ជា​ការ​ស្រួល​ដល់​សង្ឃ​។​បេ​។​ ​ដើម្បី​ញុំាង​ព្រះ​សទ្ធម្ម​ឲ្យ​ឋិតឋេរ​ ​ដើម្បី​អនុគ្រោះ​ដល់​ព្រះ​វិន័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ទីសេនាសនៈ​ទាំងឡាយ​ណា​ដែល​មាននៅ​ក្នុង​ព្រៃ​ ​ដែលគេ​សន្មត​ថា​ទី​ប្រកបដោយ​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ភិក្ខុ​ណាមួយ​នៅក្នុង​ទីសេនាសនៈ​ទាំងឡាយ​មាន​សភាព​ដូច្នោះ​ ​ហើយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ ​ដែលគេ​មិនបាន​ឲ្យ​ដំណឹង​ជាមុន​ ​ដោយដៃ​របស់​ខ្លួន​ខាងក្នុង​អារាម​ ​(​យក​មក​)​ ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ភិក្ខុ​នោះ​ត្រូវ​សំដែង​អាបត្តិ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវហើយ​នូវ​អាបត្តិ​ឈ្មោះ​បាដិទេសនីយៈ​ ​មិនជា​ទី​សប្បាយ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ ​ខ្ញុំ​សូម​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​បញ្ញត្ត​ហើយ​ដល់​ពួក​ភិក្ខុ​ដោយ​ន័យ​ដូច​បាន​ពោល​មក​យ៉ាងនេះ​។​
ថយ | ទំព័រទី ៤២៦ | បន្ទាប់