ហេតុ​ដូចម្តេច​ក៏​អ្នក​ទៅ​និមន្ត​ពួក​កូនក្មេង​មកវិញ​។​ ​គហបតី​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ព្រះ​ថេរៈ​មហានាគ​ដ៏​ប្រសើរ​ទាំងនោះ​ ​មាន​ព្រះនាម​ដូចម្តេច​ខ្លះ​។​ ​ភិក្ខុនី​ឈ្មោះ​ថុល្ល​នន្ទា​ឆ្លើយ​ថា​ ​លោកម្ចាស់​ទេវទត្ត​ ​លោកម្ចាស់​កោ​កាលិក​ ​លោកម្ចាស់​កត​មោរ​ក​តិ​ស្ស​កៈ​ ​លោកម្ចាស់​ខណ្ឌ​ទេវី​បុត្រ​ ​លោកម្ចាស់​សមុទ្ទ​ទត្ត​។​ ​កាល​ភិក្ខុនី​ឈ្មោះ​ថុល្ល​នន្ទា​កំពុងតែ​និយាយ​ពាក្យ​នេះ​មិនទាន់​អស់​នៅឡើយ​។​ ​ស្រាប់តែ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ចូល​មក​ក្នុង​ពេលនោះ​។​ ​ភិក្ខុនី​ឈ្មោះ​ថុល្ល​នន្ទា​សួរ​ថា​ ​ម្នាល​គហបតី​ ​ព្រះ​ថេរៈ​មហានាគ​ដ៏​ប្រសើរ​ទាំងឡាយ​ ​អ្នក​បាន​និមន្ត​ហើយ​ ​ពិតមែន​ឬ​។​ ​គហបតី​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ឥឡូវនេះ​ ​លោកម្ចាស់​បាន​ធ្វើ​នូវ​ព្រះ​ថេរៈ​មហានាគ​ដ៏​ប្រសើរ​ទាំងឡាយ​ថា​ជា​កូនក្មេង​ ​លោកម្ចាស់​ត្រឡប់​ធ្វើ​ពួក​ភិក្ខុ​ជា​កូនក្មេង​ថា​ជាម​ហា​នាគ​ដ៏​ប្រសើរ​ទៅវិញ​ ​(​ថា​ដូច្នោះ​ហើយ​)​ ​ក៏​ចាប់​ទាញ​ភិក្ខុនី​ឈ្មោះ​ថុល្ល​នន្ទា​ចេញពីផ្ទះ​ផង​ ​និច្ចភត្ត​ ​(​គឺ​ចង្ហាន់​ដែល​ផ្គត់ផ្គង់​ជានិច្ច​)​ ​ក៏​ផ្តាច់​បង់​ចេញ​ ​គឺ​ឈប់​ឲ្យ​តទៅទៀត​ផង​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ទេវទត្ត​បានដឹង​ហើយ​ ​មិន​គួរ​នឹង​ឆាន់​បិណ្ឌបាត​ដែល​ភិក្ខុនី​ចាត់ចែង​ទេ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ទេវទត្ត​ ​ឮ​ថា​អ្នកដឹង​ហើយ​ឆាន់​បិណ្ឌបាត​ដែល​ភិក្ខុនី​ចាត់ចែង​ ​ពិតមែន​ឬ​។
ថយ | ទំព័រទី ៧៥ | បន្ទាប់