ទើប​ភិក្ខុ​នោះ​ទៅ​អារាម​ ​ហើយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ចង្ហាន់​មាន​គ្រហស្ថ​ប្រារព្ធ​ជាមុន​ហើយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​ដឹង​ឆាន់​បិណ្ឌបាត​ដែល​ភិក្ខុនី​ចាត់ចែង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​កាល​ដឹង​ហើយ​ ​ឆាន់​បិណ្ឌបាត​ដែល​ភិក្ខុនី​ចាត់ចែង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ចង្ហាន់​ដែល​គ្រហស្ថ​បាន​ប្រារព្ធ​ជាមុន​។​
 ​[​៨១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ដឹង​ ​គឺ​ភិក្ខុ​ដឹង​ឯង​ក្តី​ ​ជន​ទាំងឡាយ​ដទៃ​ដឹង​ហើយ​ប្រាប់​ដល់​ភិក្ខុ​នោះ​ក្តី​ ​ភិក្ខុនី​នោះ​ប្រាប់​ក្តី​។​ ​ដែល​ហៅថា​ ​ភិក្ខុនី​ ​គឺ​ស្រ្តី​ដែល​បាន​ឧបសម្បទា​ក្នុង​សំណាក់​ឧភតោ​សង្ឃ​។​ ​ដែល​ហៅថា​ ​ចាត់ចែង​ ​(​គឺ​ភិក្ខុនី​និយាយប្រាប់​ដល់​ជន​)​ ​ដែល​មិន​ចង់​ឲ្យ​ ​មិន​ចង់​ធ្វើទាន​ក្នុង​កាលមុន​ថា​ ​លោកម្ចាស់​នេះ​ជា​អ្នកពោល​ ​លោកម្ចាស់​នេះ​ជា​ពហុស្សូត​ ​លោកម្ចាស់​នេះ​ជា​អ្នកចេះ​ព្រះ​សូត្រ​ ​លោកម្ចាស់​នេះ​ទ្រទ្រង់​វិន័យ​ ​លោកម្ចាស់​នេះ​ជា​ធម្មកថិក​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​ ​(​ចង្ហាន់​)​
ថយ | ទំព័រទី ៧៧ | បន្ទាប់