សិក្ខាបទ​ទី២​


 [​៩៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ទេវទត្ត​មានលាភ​សក្ការៈ​សាបសូន្យ​ហើយ​ ​ព្រមទាំង​បរិស័ទ​ក៏​នាំគ្នា​ដើរ​សូ​មរឿយៗ​ក្នុង​ពួក​ត្រកូល​ហើយ​ឆាន់​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​សមណៈ​ទាំងឡាយ​ជា​កូនចៅ​ព្រះពុទ្ធ​បុត្រ​សក្យរាជ​ ​មិន​គួរ​នឹង​នាំគ្នា​ដើរ​សូ​មរឿយៗ​ក្នុង​ពួក​ត្រកូល​ហើយ​ឆាន់​សោះ​ ​(​ធម្មតា​មនុស្ស​)​ ​អ្នកណាមួយ​ដែល​មិន​គាប់ចិត្ត​នឹង​ភោជន​ល្អ​ ​អ្នកណាមួយ​ដែល​មិន​ពេញចិត្ត​នឹង​ភោជន​ដ៏​ឆ្ងាញ់​ពី​សារ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​(​ដូច្នោះ​)​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ទេវទត្ត​ព្រមទាំង​បរិសទ្យ​ ​មិន​គួរ​នឹង​នាំគ្នា​ដើរ​សូ​មរឿយៗ​ក្នុង​ត្រកូល​ទាំងឡាយ​ហើយ​ឆាន់​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ទេវទត្ត​ ​ឮ​ថា​អ្នកឯង​ព្រមទាំង​បរិសទ្យ​នាំគ្នា​ដើរ​សូ​មរឿយៗ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ហើយ​ឆាន់​ ​ពិតមែន​ឬ​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់