អាជីវក​នោះ​ក៏​ប្រើ​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ក្នុង​ពេលនោះ​ថា​ ​ភិក្ខុ​ទាំងឡាយ​សូម​ទទួល​ចង្ហាន់​របស់ខ្ញុំ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​។​ ​ភិក្ខុ​ទាំងឡាយ​សង្ស័យ​ ​មិន​ទទួល​ដោយ​គិតថា​ ​គណ​ភោជន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​។​ ​គ្រានោះ​ ​អាជីវក​នោះ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដល់ហើយ​ ​ក៏​ពោល​ពាក្យជា​ទី​រាក់ទាក់​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​បុគ្គល​គប្បី​រីករាយ​ ​ដែល​បុគ្គល​គប្បី​រលឹក​ស្រេចហើយ​ ​ក៏​ស្ថិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​អាជីវក​នោះ​ ​លុះ​ស្ថិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបទូល​ពាក្យ​នេះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ជា​អ្នកបួស​ ​ខ្ញុំ​ព្រះអង្គ​ក៏​ជា​អ្នកបួស​ដែរ​ ​អ្នកបួស​គួរ​ទទួល​ដុំ​បាយ​របស់​អ្នកបួស​ផងគ្នា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​សូម​ទទួល​ចង្ហាន់​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​ដោយ​តណ្ហីភាព​។​ ​អាជីវក​នោះ​ដឹង​ច្បាស់ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទទួល​និមន្ត​ហើយ​ ​ក៏​ចៀសចេញ​ទៅ​ក្នុង​ពេលនោះ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ជួបជុំ​ក្នុង​ពេលនោះ​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​គណ​ភោជន​ ​ក្នុង​សម័យ​នៃ​សមណ​ភត្ត​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ៩៦ | បន្ទាប់