ទុតិយបណ្ណាសក
[២៩៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលពីរពួក តើដូចម្តេច។ គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[២៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើងជាមនុស្សអស្ចារ្យ។ បុគ្គលពីរពួក តើដូចម្តេច។ គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើងជាមនុស្សអស្ចារ្យ។