ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀល របស់វិញ្ញូជនទាំងឡាយផង បាននូវបាបច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតមានប្រាជ្ញាឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌៣យ៉ាង រមែងរក្សាខ្លួន ដែលមានទីពឹងមិនបានជីកគាស់ចោល មានទីពឹងមិនបានបំផ្លាញចោល ជាអ្នកមិនមានទោសផង មិនមានសេចក្ដីតិះដៀល អំពីវិញ្ញូជនទាំងឡាយផង បាននូវបុណ្យច្រើនផង។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតមានប្រាជ្ញាឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌៣ នេះឯង រមែងរក្សាខ្លួន ដែលមានទីពឹងមិនបានជីកគាស់ចោល មានទីពឹងមិនបានបំផ្លាញចោល ជាអ្នកមិនមានទោសផង មិនមានសេចក្ដីតិះដៀល អំពីវិញ្ញូជនទាំងឡាយផង បាននូវបុណ្យច្រើនផង។