អាវ និងសំពត់ទទូរ ក៏មកពីដែនកាសី សំពត់ស្លៀក ក៏មកពីដែនកាសី សំពត់បង់ក ក៏មកពីដែនកាសី។ ម្នាលភិក្ខុទាំងឡាយ គេបាំងស្វេតច្ឆត្រ ឲ្យតថាគត ទាំងយប់ ទាំងថ្ងៃ ដោយការពារ មិនឲ្យត្រជាក់ក្ដី ក្ដៅក្ដី ធូលីក្ដី ស្មៅក្ដី ទឹកសន្សើមក្ដី ប៉ះត្រូវតថាគតនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានប្រាសាទ ៣ គឺប្រាសាទ ដែលសម្រាប់នៅ ក្នុងរដូវត្រជាក់ ១ សម្រាប់នៅ ក្នុងរដូវក្ដៅ ១ សម្រាប់នៅ ក្នុងរដូវភ្លៀង ១។ ម្នាលភិក្ខុទាំងឡាយ តថាគតមានគេបម្រើ ដោយតូរ្យតន្រ្តី មិនលាយដោយប្រុស អស់៤ខែ ក្នុងវស្សានរដូវ ក្នុងប្រាសាទសម្រាប់រដូវភ្លៀង មិនដែលចុះមកខាងក្រោមប្រាសាទ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលំនៅទាំងឡាយ របស់ពួកជនដទៃ គេឲ្យបាយចុងអង្ករ ដែលមានទឹកជ្រក់ ជាគំរប់ពីរ ដល់ទាសៈ និងអ្នកធ្វើការងារ និងបុរសអ្នកអាស្រ័យចិញ្ចឹមជីវិតយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ចំណែកក្នុងនិវេសនស្ថាន របស់ព្រះបិតាតថាគត គេឲ្យបាយអង្ករស្រូវសាលី និងសាច់ ដល់ទាសៈ និងអ្នកធ្វើការ និងបុរសអ្នកអាស្រ័យចិញ្ចឹមជីវិត តែយ៉ាងហ្នឹងឯង។