ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ប្រកប ដោយឫទ្ធិ មានសភាពយ៉ាងនេះផង ដោយសេចក្ដីសុខ ដ៏ក្រៃលែង យ៉ាងនេះផង មានសេចក្ដីត្រិះរិះ ដូច្នេះថា បុថុជ្ជន ដែលមិនបានរៀនសូត្រ មានជរា ជាធម្មតាមិនកន្លងនូវជរាឡើយ លុះឃើញអ្នកដទៃគ្រាំគ្រា រំលងខ្លួនឯងទៅ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម (នឹងអ្នកដទៃវិញ ) ចំណែកអាត្មាអញ មានជរា ជាធម្មតាដែរ មិនកន្លងជរាបានឡើយ បើអាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ លុះឃើញអ្នកដទៃហើយ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម ហេតុនោះ មិនសមគួរ ដល់អាត្មាអញទេ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ពិចារណាឃើញច្បាស់ ដូច្នេះហើយ ក៏លះបង់ នូវសេចក្ដីស្រវឹង ក្នុងវ័យទាំងអស់។ បុថុជ្ជន មិនបានរៀនសូត្រខ្លួនឯង មានព្យាធិជាធម្មតា មិនកន្លងនូវព្យាធិទៅបាន លុះឃើញអ្នកដទៃមានព្យាធិ រំលងខ្លួនឯងទៅ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម (អ្នកដទៃវិញ)។