[១០] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលពាល ប្រកបដោយធម៌៣យ៉ាង មិនលះបង់ នូវមន្ទិល ៣ យ៉ាងទេ នឹងធ្លាក់ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺជាអ្នកទ្រុស្តសីល ទាំងមិនលះបង់មន្ទិល គឺភាវៈទ្រុស្តសីល ១ ជាអ្នកច្រណែន ទាំងមិនលះបង់មន្ទិល គឺសេចក្ដីច្រណែន ១ ជាអ្នកកំណាញ់ ទាំងមិនលះបង់មន្ទិល គឺសេចក្ដីកំណាញ់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ប្រកបដោយធម៌ ៣ យ៉ាងនេះឯង មិនលះបង់មន្ទិល ៣ យ៉ាងនេះឯង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតប្រកបដោយធម៌៣យ៉ាង លះបង់នូវមន្ទិល៣យ៉ាង ដូចជាគេនាំយកទៅដំកល់ទុក ក្នុងស្ថានសួគ៌។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺជាអ្នកមានសីល ទាំងលះបង់ នូវមន្ទិល គឺភាវៈទ្រុស្តសីល ១ ជាអ្នកមិនច្រណែន ទាំងលះបង់ នូវមន្ទិល គឺ សេចក្ដីច្រណែន ១ ជាអ្នកមិនមានកំណាញ់ ទាំងលះបង់នូវមន្ទិល គឺសេចក្ដីកំណាញ់ ១។