សូម្បីអាត្មាអញ ក៏មានព្យាធិ ជាធម្មតាដែរ មិនកន្លងព្យាធិបាន បើអាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបាន លុះឃើញអ្នកដទៃ មានព្យាធិហើយ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម ហេតុនោះ មិនសមគួរ ដល់អាត្មាអញទេ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ កាលពិចារណាឃើញ ដូច្នេះ ក៏លះបង់សេចក្ដីស្រវឹង ព្រោះមិនមានរោគ ដោយប្រការទាំងពួង។ បុថុជ្ជន ដែលមិនបានរៀនសូត្រខ្លួនឯង មានមរណៈ ជាធម្មតា មិនកន្លងមរណៈទៅបាន លុះឃើញអ្នកដទៃស្លាប់ រំលងខ្លួនឯងទៅ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម (បុគ្គលដទៃវិញ)។ អាត្មាអញ ក៏មានមរណៈ ជាធម្មតាដែរ មិនកន្លងមរណៈបាន ប្រសិនបើអាត្មាអញ មានមរណៈ ជាធម្មតាដែរ មិនកន្លងមរណៈបានទេ លុះឃើញអ្នកដទៃ ស្លាប់ហើយ ក៏នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម ហេតុនោះ ក៏មិនសមគួរ ដល់អាត្មាអញទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតនោះ ពិចារណាឃើញ ដូច្នេះ សេចក្ដីស្រវឹង ព្រោះជីវិតនោះ ក៏បាត់ទៅ ដោយប្រការទាំងពួង។