ត្រូវទុក្ខគ្របសង្កត់ មានទុក្ខប្រព្រឹត្តទៅខាងមុខ ធ្វើម្ដេចហ្ន៎ គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ អាត្មាអញសោត បានលះបង់កាមបែបណាហើយ ចេញចាកផ្ទះមកបួស គប្បីស្វែងរកនូវកាមបែបនោះក្ដី នូវអំពើអាក្រក់ ខ្លាំងជាងកាមទាំងនោះក្ដី ការនោះ មិនសមគួរដល់អាត្មាអញទេ។ ភិក្ខុនោះ តែងពិចារណា ដូច្នេះថា អាត្មាអញ នឹងប្រារព្ធព្យាយាម មិនឲ្យធូរថយ នឹងប្រុសស្មារតី មិនឲ្យវង្វេងភ្លាត់ ឲ្យកាយ(១) ស្ងប់រម្ងាប់ មិនឲ្យរសាប់រសល់ ឲ្យចិត្តដំកល់មាំ មានអារម្មណ៍តែមួយ។ ភិក្ខុនេះ ធ្វើខ្លួនឯង ឲ្យជាអាធិបតេយ្យហើយ រមែងលះបង់អកុសល ចំរើនកុសល លះបង់អំពើ ដែលប្រកបដោយទោស ចំរើនតែអំពើ ដែលមិនមានទោស រក្សាខ្លួនឲ្យស្អាត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អត្តាធិបតេយ្យ។ ម្នាលភិក្ខុទាំងឡាយ លោកាធិបតេយ្យ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅជិតគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណា ដូច្នេះថា អាត្មាអញ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ
(១) សំដៅយកទាំងនាមកាយ ទាំងករជកាយ។ អដ្ឋកថា។