ម្យ៉ាងទៀត គង់មានពួកទេវតា ដែលមានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តបុគ្គលដទៃពួកទេវតាទាំងនោះ តែងឃើញអំពីចម្ងាយ ទោះនៅជិត ក៏មិនប្រាកដ រមែងដឹងចិត្តដោយចិត្ត ពួកទេវតាទាំងនោះ គង់ដឹងអាត្មាអញ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សូមអ្នកមើលកុលបុត្រនេះ ចេញចាកផ្ទះ មកបួសដោយសទ្ធាហើយ នៅតែច្របូកច្របល់ ដោយធម៌ ជាអកុសលដ៏លាមក។ ភិក្ខុនោះ ពិចារណា ដូច្នេះថា អាត្មាអញ នឹងប្រារព្ធព្យាយាម មិនឲ្យធូរថយ នឹងប្រុងសតិ មិនឲ្យវង្វេងភ្លេច ឲ្យកាយស្ងប់រម្ងាប់ មិនឲ្យធូរថយ ឲ្យចិត្តដំកល់មាំ មានអារម្មណ៍តែមួយ។ លុះភិក្ខុនោះ ប្រារព្ធលោក ឲ្យជាអាធិបតេយ្យហើយ តែងលះបង់អកុសល ចំរើនកុសល លះបង់អំពើ ដែលប្រកបដោយទោស ចំរើនតែអំពើ ដែលមិនមានទោស រក្សាខ្លួនឲ្យស្អាត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា លោកាធិបតេយ្យ។ ម្នាលភិក្ខុទាំងឡាយ ធម្មាធិបតេយ្យ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ