នៅក្នុងព្រៃក្ដី នៅជិតគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី តែងពិចារណា ដូច្នេះថា អាត្មាអញ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែនព្រោះហេតុតែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូច ភពធំទេ ក៏អាត្មាអញ ជាបុគ្គល ដែលជាតិ ជារា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានទុក្ខប្រព្រឹត្តទៅខាងមុខ ធ្វើម្ដេចហ្ន៎ គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ល្អហើយ ជាធម៌ដែលអរិយបុគ្គល ឃើញច្បាស់ដោយខ្លួនឯង ឲ្យផលមិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលវិញ្ញូជន គប្បីដឹងច្បាស់ចំពោះខ្លួន។ គង់មានសព្រហ្មចារីបុគ្គលដឹង ឬឃើញដែរ។ អាត្មាអញបួសក្នុងធម៌វិន័យ ដែលព្រះមានព្រះភាគ ទ្រង់សំដែងល្អហើយយ៉ាងនេះត្រឡាំង ទៅជាអ្នកខ្ជិល ប្រហែលធ្វេស ហេតុនោះ មិនសមគួរទេ។