ភិក្ខុនោះ តែងពិចារណាដូច្នេះថា អាត្មាអញ នឹងប្រារព្ធព្យាយាម មិនឲ្យធូរថយ នឹងប្រុងស្មារតី មិនឲ្យវង្វេងភ្លេច ឲ្យកាយស្ងប់រម្ងាប់ មិនឲ្យរសាប់រសល់ ឲ្យចិត្តដំកល់មាំ មានអារម្មណ៍តែមួយ។ ភិក្ខុនោះ ប្រារព្ធធម៌ហ្នឹងឯង ឲ្យជាអាធិតេយ្យ ហើយលះបង់អកុសល ចំរើនតែកុសល លះបង់អំពើប្រកបដោយទោស ចំរើនអំពើ ដែលមិនមានទោស រក្សាខ្លួនឲ្យស្អាត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម្មាធិបតេយ្យ។ ម្នាលភិក្ខុទាំងឡាយ អាធិបតេយ្យ មាន៣យ៉ាងនេះឯង។
ធម្មតា បុគ្គលអ្នកធ្វើអំពើអាក្រក់ ក្នុងលោក មិនដែលកំបាំងទេ ម្នាលបុរស ខ្លួនអ្នកឯង រមែងដឹងថា ពិត ឬមិនពិត (ខ្លួនឯង) ម្នាលអ្នកដ៏ចំរើន អ្នកឯងជាសាក្សីចំពោះខ្លួនយ៉ាងល្អ អ្នកឯងផ្ទញ់ផ្ទាល់ខ្លួនឯង បើអ្នកឯងបិទបាំងអំពើអាក្រក់ ដែលមានក្នុងខ្លួននោះឯងហើយ