ម្នាលភិក្ខុទាំងឡាយ មហាចោរ អាស្រ័យនូវទីមិនស្មើ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ជាអ្នកអាស្រ័យព្រៃញាតស្បាត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ អាស្រ័យនូវព្រៃស្បាតស្មៅខ្លះ ព្រៃស្បាតឈើខ្លះ ត្រើយច្រាំងខ្លះ ដងព្រៃធំខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាចោរជាអ្នកអាស្រ័យព្រៃញាតស្បាត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មហាចោរអាស្រ័យអ្នកមានកម្លាំង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរក្នុងលោកនេះ អាស្រ័យស្ដេចឬរាជមហាមាត្យ មហាចោរនោះ មានសេចក្ដីសង្ឃឹម ដូច្នេះថា បើបុគ្គលណាមួយប្ដឹងអ្វីៗពីអញ ពួកស្ដេច ឬពួករាជមហាមាត្យ ទាំងនេះ មុខជានឹងពោលបង្រ្គបឲ្យអញមិនខាន។ បើបុគ្គលណាប្ដឹងអ្វីៗពីចោរនោះ ពួកស្ដេច ឬពួករាជមហាមាត្យនោះ រមែងពោលបង្រ្គបបុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ មហាចោរអាស្រ័យអ្នកមានកម្លាំង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ដែលប្រកបដោយអង្គ៣ យ៉ាងនេះឯង រមែងកាត់នូវទីតខ្លះ ប្លន់ធំខ្លះ ប្លន់ផ្ទះតែមួយខ្លះ នៅចាំស្កាត់ក្នុងផ្លូវខ្លះ។