ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមារយាទអាក្រក់ ដែលប្រកបដោយធម៌ ៣ក៏យ៉ាងនោះដែរ រមែងរក្សាខ្លួន ដែលគាស់រំលើង បំផ្លាញគុណ ជាអ្នកប្រកបដោយទោសធំផង ប្រកបដោយទោសតូចផង ដែលពួកវិញ្ញូជនត្រូវតិះដៀលផង រមែងទទួលបាបច្រើនផង។ ធម៌៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ ក្នុងសាសនានេះ អាស្រ័យអំពើមិនស្មើ ១ អាស្រ័យសេចក្ដីយល់ដ៏សាំញុំា ១ អាស្រ័យអ្នកមានកំឡាំង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យអំពើមិនស្មើ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ ក្នុងសាសនានេះ ប្រកបដោយកាយកម្មមិនស្មើផង ប្រកបដោយវចីកម្មមិនស្មើផង ប្រកបដោយមនោកម្មមិនស្មើផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យអំពើមិនស្មើ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យសេចក្ដីយល់ ដ៏សាំញុំា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ ក្នុងសាសនានេះ ជាអ្នកយល់ខុស ប្រកបដោយអន្តគ្គាហិកាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យសេចក្ដីយល់ដ៏សាំញុំា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យអ្នកមានកំឡាំង តើដូចម្ដេច។