ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ ក្នុងសាសនានេះ បានអាស្រ័យស្ដេច ឬរាជមហាមាត្យ ភិក្ខុអាក្រក់នោះ តែងមានសេចក្ដីត្រិះរិះ យ៉ាងនេះថា បើអ្នកណាមួយ ចោទប្រកាន់អ្វីអំពីអញ ព្រះរាជាទាំងឡាយនេះ ឬពួករាជមហាមាត្យទាំងនេះ នឹងពោលសេចក្ដីបង្រ្គបឲ្យអញ។ បើបុគ្គលណាមួយ ចោទប្រកាន់តិចតួច អំពីភិក្ខុនោះ ព្រះរាជា ឬរាជមហាមាត្យទាំងនោះ តែងពោលសេចក្ដីបង្រ្គបបុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យអ្នកមានកំឡាំង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមារយាទអាក្រក់ ដែលប្រកបដោយធម៌ ៣យ៉ាង នេះឯង រមែងរក្សាខ្លួន ដែលគាស់រំលើង បំផ្លាញគុណ ជាអ្នកប្រកបដោយទោសធំផង ប្រកបដោយទោសតូចផង ដែលពួកវិញ្ញូជន ត្រូវតិះដៀលផង រមែងទទួលបាបច្រើនផង។
ចប់ ចូឡវគ្គ ទី៥។