សេចក្ដីសង្រួម ដោយកាយ វាចា ចិត្តណា តាំងពីឥឡូវនេះទៅ បុណ្យដែលកើតអំពីការសង្រួមនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាសុខ ដល់បុគ្គលដែលទៅកាន់បរលោកនោះ (ព្រោះហេតុនោះ) កាលបើបុគ្គលរស់នៅ គួរតែធ្វើបុណ្យ។
[៥៤] គ្រានោះឯង ព្រាហ្មណ៍ ២នាក់ ជរា មានវ័យចំរើនហើយ ចាស់កន្លងវ័យ ចូលដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ ឆ្នាំហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងជាព្រាហ្មណ៍ជរា មានវ័យចំរើនហើយ ចាស់កន្លងវ័យហើយ ចូលដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ឆ្នាំហើយ តែយើងទាំងនោះ មិនបានធ្វើសេចក្ដីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹង ការពារភ័យសោះ សូមព្រះគោតមដ៏ចំរើន ទូន្មានយើងខ្ញុំព្រះអង្គ សូមព្រះគោតមដ៏ចំរើន ប្រៀនប្រដៅយើងខ្ញុំព្រះអង្គ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់យើងខ្ញុំព្រះអង្គ អស់កាលដ៏យូរ។