បុគ្គលណា បរិបូណ៌ដោយសីល និងវ័ត មានចិត្តបញ្ជូនទៅរកព្រះនិព្វាន មានចិត្តដំកល់មាំ ចិត្តរបស់បុគ្គលណា ស្ទាត់ ប្រសើរឯក ខ្ជាប់ខ្ជួនប្រពៃ បុគ្គលណា ដឹងនូវបុព្វេនិវាសផង ឃើញនូវសួគ៌ និងអបាយផង មួយទៀត ដល់នូវការអស់ទៅនៃជាតិ បានដឹងច្បាស់ហើយ សម្រេចសម្រាន្តនៅ ដោយទីបំផុតនៃកិច្ច ជាខីណាសវមុនិ អ្នកបានវិជា្ជ៣ ដោយវិជ្ជា៣នុ៎ះ តថាគត ហៅបុគ្គល អ្នកបានវិជ្ជា៣នោះ ថាជាព្រាហ្មណ៍ មិនហៅបុគ្គលដទៃ តាមពាក្យ ដែលគេធ្លាប់ពោលឡើយ។
ម្នាលព្រាហ្មណ៍ វិជ្ជា៣ក្នុងវិន័យរបស់អរិយៈ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន វិជ្ជា៣ របស់ពួកព្រាហ្មណ៍ ដោយឡែក ឯវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក បពិត្រព្រះគោតមដ៏ចំរើន វិជ្ជា៣ របស់ពួកព្រាហ្មណ៍ មិនដល់នូវចំណែក ទី១៦ៗដង នៃវិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈនេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។