ព្រោះហេតុតែបព្វជ្ជានេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគត នឹងត្រឡប់សួរដំណើរនោះ ចំពោះអ្នកវិញ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយប្រស្នានោះ យ៉ាងនោះចុះ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ព្រះតថាគត កើតឡើង ក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក មិនមានបុគ្គលដទៃ ប្រសើរជាង ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ច ទាំង៤ លែងវិលមកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ពោលយ៉ាងនេះថា នេះជាផ្លូវ នេះជាបដិបទា ក្នុងដំណើរនោះ ដូចតថាគតប្រតិបត្តិ បានធ្វើឲ្យជាក់ច្បាស់ នូវការចុះស៊ប់ កាន់ព្រហ្មចរិយៈដ៏ប្រសើរ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ទើបប្រកាសប្រាប់ (សត្វដទៃ) ថា អើ អ្នកទាំងឡាយ ចូរមក អ្នកទាំងឡាយ ចូរប្រតិបត្តិ ធ្វើឲ្យជាក់ច្បាស់ នូវការចុះស៊ប់ កាន់ព្រហ្មចរិយៈដ៏ប្រសើរ ដោយប្រាជ្ញាខ្លួនឯង សម្រេចសម្រាន្តនៅ យ៉ាងណា អ្នកទាំងឡាយ ចូរប្រតិបត្តិយ៉ាងនោះចុះ។ ព្រះសាស្ដានេះ តែងសំដែងធម៌ផង ពួកជនដទៃ ប្រតិបត្តិតាមបែបនោះផង ដោយប្រការដូច្នេះ។