ម្នាលព្រាហ្មណ៍ អាត្មាមិនសួរអ្នកថា ពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវបូជា ឬ ពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវសរសើរ យ៉ាងនេះទេ។ ម្នាលព្រាហ្មណ៍ អាត្មាសួរអ្នក យ៉ាងនេះថា ម្នាលព្រាហ្មណ៍ បណ្ដាបដិបទាទាំងពីរនេះ អ្នកគាប់ចិត្តបដិបទាណាថា មានសេចក្ដីត្រូវការតិចផង មានការរៀបចំតិចផង មានផលច្រើនផង មានអានិសង្សច្រើនផង ដូច្នេះទេតើ។ សង្គារវព្រាហ្មណ៍ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់២ដង ដូច្នេះថា បុគ្គលដូចជាព្រះសមណគោតមដ៏ចំរើន និងព្រះអានន្ទដ៏ចំរើននេះ ខ្ញុំត្រូវបូជា ខ្ញុំត្រូវសរសើរ។ ព្រះអានន្ទដ៏មានអាយុ បាននិយាយនឹងសង្គារវព្រាហ្មណ៍ ជាគំរប់៣ ដង ដូច្នេះ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អាត្មាមិនសួរអ្នកថា ពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវបូជា ឬពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវសរសើរទេ។ ម្នាលព្រាហ្មណ៍ អាត្មាសួរអ្នក យ៉ាងនេះថា ម្នាលព្រាហ្មណ៍ បណ្ដាបដិបទា ទាំងពីរនេះ អ្នកកាន់បដិបទាណា ថា មានសេចក្ដីត្រូវការតិចផង មានការរៀបចំតិចផង មានផលច្រើនផង មានអានិសង្សច្រើនផង ដូច្នេះទេតើ។