បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ បុគ្គលណា ធ្វើបាដិហារ្យនោះ បុគ្គលនោះឯង រមែងបានបាដិហារ្យនោះ បុគ្គលណា ធ្វើបាដិហារ្យនោះ បាដិហារ្យនោះ តែងមានដល់បុគ្គលនោះឯង។ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ ប្រាកដដល់ខ្ញុំព្រះអង្គ បីដូចរូបភាព ប្រកបដោយកលមាយា។ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យណា ដែលបុគ្គលពួកខ្លះ ក្នុងលោកនេះ ទាយចិត្តតាមនិមិត្តបាន ថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ ចិត្តរបស់អ្នក ដូច្នេះខ្លះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ គ្រាន់តែឮសំឡេងពួកមនុស្ស ពួកអមនុស្ស ឬពួកទេវតា ហើយទាយបាន មិនបាច់ឮសំឡេងពួកមនុស្ស ពួកអមនុស្ស ឬពួកទេវតា ហើយទាយ គ្រាន់តែឮសូរវិតក្កៈ វិចារៈ របស់បុគ្គលកំពុងត្រិះរិះ កំពុងពិចារណា ហើយទាយត្រូវ មិនបាច់ឮសូរវិតក្កៈ វិចារៈ របស់បុគ្គលកំពុងត្រិះរិះ កំពុងពិចារណា ហើយទាយទេ គ្រាន់តែកំណត់ដឹងចិត្ត ដោយចិត្ត របស់អ្នកបានសមាធិ មិនមានវិតក្កៈ មិនមានវិចារៈថា