ម្នាលភិក្ខុទាំងឡាយ បណ្ដាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះហេតុតែអំពើ ដែលគេបានធ្វើហើយ ក្នុងកាលមុន តថាគតបានចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយពោលយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ឮថា អ្នកទាំងឡាយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬ ជាទុក្ខ ឬ មិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ ) ព្រោះហេតុតែអំពើ ដែលគេបានធ្វើហើយ ក្នុងកាលមុន ពិតមែនឬ។ បើសមណព្រាហ្មណ៍ទាំងនោះ ដែលតថាគតសួរយ៉ាងនេះហើយ ក៏ប្ដេជ្ញាថា ព្រះករុណា ព្រះអង្គ តថាគត ក៏និយាយទៅនឹងពួកសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះវិញថា បើដូច្នោះ អ្នកដ៏មានអាយុទាំងឡាយ នឹងប្រព្រឹត្តបាណាតិបាត ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តអទិន្នាទាន ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តអព្រហ្មចារ្យ ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តមុសាវាទ ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន