ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។ ម្នាលភិក្ខុទាំង ឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះធាតុ៦ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនុ៎ះ តថាគតបានពោលដូច្នេះឯង។ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះអាស្រ័យ ) នូវធាតុ ៦ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាសធាតុ១ វិញ្ញាណធាតុ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះធាតុ៦ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណា ដែលតថាគត បានពោលដូច្នេះហើយ ពាក្យនុ៎ះ តថាគតបានពោលហើយ ព្រោះអាស្រ័យនូវហេតុនេះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះផស្សាយតនៈ ៦ ពួកសមណព្រាហ្មណ៍ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនោះ តថាគតបានពោលហើយដូច្នេះឯង។