ទាំងមិនដឹកនាំបុគ្គលដទៃ ដើម្បីហេតុនោះ តើហេតុនេះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ អស់កាលអង្វែង ដល់បុគ្គលនោះដែរឬ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច ធម៌នេះ ជាកុសល ឬអកុសល។ ជាកុសល ព្រះអង្គ។ ប្រកបដោយទោស ឬមិនប្រកបដោយទោសទេ។ មិនប្រកបដោយទោសទេ ព្រះអង្គ។ ជាធម៌ ដែលអ្នកប្រាជ្ញតិះដៀល ឬ អ្នកប្រាជ្ញសរសើរ។ ជាធម៌ដែលអ្នកប្រាជ្ញសរសើរព្រះអង្គ។ ធម៌ដែលបុគ្គលសមាទានពេញលេញហើយ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ឬមិនប្រព្រឹត្តទៅទេ ឬក៏ក្នុងដំណើរនុ៎ះ ដូចម្ដេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលបុគ្គលសមាទានពេញលេញហើយ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ យើងខ្ញុំក៏យល់ក្នុងដំណើរនុ៎ះដូច្នោះដែរ។ ម្នាលកាលាមក្សត្រិយ៍ តថាគត បានសំដែងនូវហេតុនោះ ដូច្នេះហើយថា ម្នាលកាលាមក្សត្រិយ៍ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា អ្នកកុំប្រកាន់តាមពាក្យបរម្បរា អ្នកកុំប្រកាន់ ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយអាងក្បួងតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះ តាមអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្តតាមការពិនិត្យថា សមនឹងសេចក្ដីយល់ឃើញ