សូមទ្រង់ព្រះមេត្តាប្រោស នេះហើយចក្រ ១គូយ៉ាងថ្មី របស់ព្រះករុណា ខ្ញុំព្រះអង្គ ធ្វើសម្រេចហើយ។ ព្រះបាទបចេតនៈទ្រង់ត្រាស់សួរថា អើជាងរថសម្លាញ់ ចក្រណា ដែលអ្នកធ្វើឲ្យសម្រេច អស់ ៦ខែ ខ្វះ៦រាត្រីក្ដី ចក្រណា ដែលអ្នកធ្វើឲ្យសម្រេច ត្រឹមតែ ៦ ថ្ងៃក្ដី ចក្រទាំង ២នេះ មានដំណើរផ្សេងគ្នា ដូចម្ដេច យើងមិនទាន់យល់ការណ៍ផ្សេងគ្នា នៃចក្រទាំង២នុ៎ះ ថាដូចម្ដេចឡើយ។ បពិត្រព្រះសម្មតិទេព ការណ៍ផ្សេងគ្នា នៃចក្រទាំង២នុ៎ះមាន សូមទ្រង់ចាំទតការណ៍ផ្សេងគ្នា (នោះ) ចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ជាងរថ បង្វិលចក្រ ដែលធ្វើឲ្យសម្រេច អស់ត្រឹមតែ ៦ថ្ងៃ ឲ្យវិលទៅ។ កាលចក្រនោះវិលទៅ ក៏ទៅកាន់ទីអស់កំណត់ត្រឹមតែមួយវិលប៉ុណ្ណោះ ហើយត្រឡប់ដួលលើផែនដី។ រួចទើបជាងរថបង្វិលចក្រ ដែលធ្វើឲ្យសម្រេច អស់៦ខែ ខ្វះ៦រាត្រី ឲ្យវិលទៅម្ដងទៀត។ កាលចក្រនោះវិលទៅ ក៏ទៅកាន់ទីអស់កំណត់ត្រឹមតែមួយកំឡាំងបង្វិលប៉ុណ្ណោះ ហើយក៏នៅនឹងថ្កល់ ហាក់ដូចជាខ្ទាស់ត្រង់ភ្លៅ។ ព្រះបាទបចេតនៈ ត្រាស់សួរថា ម្នាលជាងរថសម្លាញ់ ចុះហេតុដូចម្ដេច បច្ច័យដូចម្ដេច