រក្សាសង្ឃុបោសថៈ នៅរួមជាមួយនឹងព្រះសង្ឃ ចិត្តរបស់អរិយសាវកនោះ ប្រារព្ធចំពោះព្រះសង្ឃ រមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាមយ៉ាងនេះឯង។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ រឭករឿយៗ នូវសីលរបស់ខ្លួន ជាសីលមិនដាច់ មិនធ្លុះធ្លាយ មិនពព្រុស មិនពពាល ជាសីលអ្នកជា ជាសីល ដែលវិញ្ញូជនសរសើរហើយ ជាសីលមិនប៉ះពាល់ដោយតណ្ហា និងទិដ្ឋិ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ កាលអរិយសាវកនោះ កំពុងរឭករឿយៗ នូវសីល ចិត្តក៏ជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ដូចការដុសខាត់កញ្ចក់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការដុសខាត់កញ្ចក់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។