ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បានដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ រឭករឿយៗ នូវទេវតាទាំងឡាយថា ពួកទេវតាជាន់ចាតុម្មហារាជិកៈក៏មាន ពួកទេវតាជាន់តាវត្តឹង្សក៏មាន ពួកទេវតាជាន់យាមៈក៏មាន ពួកទេវតាជាន់តុសិតក៏មាន ពួកទេវតាជាន់និម្មានរតីក៏មាន ពួកទេវតាជាន់បរនិម្មិតវសវត្តីក៏មាន ពួកទេវតា ដែលរាប់បញ្ជូលក្នុងពួកព្រហ្មក៏មាន ពួកទេវតាជាន់ខ្ពស់ឡើងទៅទៀតក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើត ក្នុងភពនោះ សទ្ធាមានសភាពដូច្នោះ របស់អាត្មាអញ ក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសីល មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើត ក្នុងភពនោះ សីលមានសភាពដូច្នោះ របស់អាត្មាអញ ក៏មាន ទេវតាទាំងអម្បាលនោះប្រកបដោយសុតៈ មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានមកកើតក្នុងភពនោះ សុតៈមានសភាពដូច្នោះ របស់អាត្មាអញក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយចាគៈ មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើត ក្នុងភពនោះ ចាគៈមានសភាពដូច្នោះ