ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវទេវតាថា ពួកទេវតាជាន់ចាតុម្មហារាជិកៈក៏មាន ពួកទេវតាជាន់តាវត្តិង្សក៏មាន។បេ។ ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មក៏មាន ពួកទេវតាជាន់ខ្ពស់ឡើងទៅទៀតក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើតក្នុងភពនោះសទ្ធាមានសភាពដូច្នោះ របស់អាត្មាអញក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសុតៈ... ដោយចាគៈ... ដោយបញ្ញា... មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើតក្នុងភពនោះ បញ្ញាមានសភាពដូច្នោះ របស់អាត្មាអញក៏មាន។ កាលអរិយសាវកនោះ រឭករឿយៗ នូវសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា របស់ខ្លួន និងរបស់ទេវតាទាំងនោះ ចិត្តក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថា ទេវតូបោសថៈ នៅរួមជាមួយនឹងពួកទេវតា មួយទៀត ចិត្តរបស់អរិយសាវកនោះ ប្រារព្ធទេវតា ក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។