លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយគង់ក្នុងទីសមគួរ។ លុះស្ដេចលិច្ឆវិ នាមអភ័យ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រអានន្ទដ៏ចំរើន និគណ្ឋនាដបុត្រ ជាសព្វញ្ញូ ឃើញសព្វ តែងប្ដេជ្ញានូវញាណទស្សនៈ (សព្វញ្ញុតញ្ញាណ) មិនមានសេសសល់ថា អាត្មាអញ ទោះដើរក្ដី ឈរក្ដី ដេកលក់ក្ដី ភ្ញាក់ឡើងក្ដី ញាណទស្សនៈតាំងឡើង ឥតចន្លោះរាល់ពេល។ និគណ្ឋនាដបុត្រនោះ តែងបញ្ញត្តនូវកិច្ច ធ្វើឲ្យអស់ទៅ នៃកម្មចាស់ទាំងឡាយដោយតបធម៌ បញ្ញត្តនូវការសំឡាប់បច្ច័យ ព្រោះមិនធ្វើកម្មថ្មីទាំងឡាយ ការអស់ទុក្ខ ព្រោះអស់កម្ម ការអស់វេទនា ព្រោះអស់ទុក្ខ ទុក្ខទាំងពួង នឹងសាបរលាបទៅ ព្រោះអស់វេទនា ដោយប្រការដូច្នេះឯង ការកន្លងនូវ (វដ្ដទុក្ខ) ដោយវិសុទ្ធិ ដែលត្រូវឃើញចំពោះខ្លួន ជាគ្រឿងធ្វើឲ្យកិលេសសាបរលាបនុ៎ះ យ៉ាងនេះ។ បពិត្រអានន្ទដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ទ្រង់សំដែងដូចម្ដេច ក្នុងសាសនានេះ។ ម្នាលអភ័យ និជ្ជរាវិសុទ្ធិ (វិសុទ្ធិ ជាគ្រឿងធ្វើកិលេសឲ្យសាបរលាប) ទាំង៣នេះ