អ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ចំពោះខ្លួន ១ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះ ភាគ ប្រតិបត្តិដោយប្រពៃ ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីត្រាស់ដឹង នូវព្រះនិព្វាន ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិគួរដល់សាមីចិកម្ម ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគនុ៎ះ រាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ពួក លោកគួរទទួល នូវរបស់ដែលគេរៀបទទួលភ្ញៀវ គួរទទួលនូវរបស់ ដែលគេនាំមកបូជា គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត របស់សត្វលោក ដ៏ប្រសើរបំផុត។ ម្នាលអានន្ទ សេចក្ដីប្រែប្រួល មានចំពោះតែមហាភូតរូប ៤ គឺបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ ឯសេចក្ដីប្រែប្រួល របស់អរិយសាវក ដែលប្រកបដោយសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ មិនមានសោះឡើយ។ នេះជាសេចក្ដីប្រែប្រួល ក្នុងហេតុនោះ។ ម្នាលអានន្ទ ពាក្យថា អរិយសាវកនោះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធហើយ មុខជានឹងទៅកើតក្នុងនរកក្ដី កំណើតតិរច្ឆានក្ដី ប្រេតវិស័យក្ដី ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។