កុសលធម៌ទាំងឡាយ វិនាសទៅ សីល វ័ត ជីវិត ព្រហ្មចារ្យ និងការបំរើ ដោយយល់ថា មានខ្លឹម មានសភាពយ៉ាងនេះ ឈ្មោះថា ឥតផលទេ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលសេពនូវសីលវ័ត ជីវិត ព្រហ្មចារ្យ និងការបំរើ ដោយយល់ថា មានខ្លឹមណា អកុសលធម៌ទាំងឡាយ វិនាសទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង សីលវ័ត ជីវិត ព្រហ្មចារ្យ និងការបំរើ ដោយយល់ថា មានខ្លឹម មានសភាពយ៉ាងនេះ ទើបឈ្មោះថា មានផល។ លុះព្រះអានន្ទដ៏មានអាយុ ក្រាបទូលពាក្យនេះហើយ ព្រះសាស្ដា ក៏ទ្រង់គាប់ព្រះទ័យ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ដឹងថា ព្រះសាស្ដារបស់អាត្មាអញ គាប់ព្រះទ័យហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចហើយចេញទៅ។ កាលដែលព្រះអានន្ទដ៏មានអាយុ ចេញទៅ មិនយូរប៉ុន្មាន ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អានន្ទ ជាសេក្ខបុគ្គល ប៉ុន្ដែបុគ្គលដែលត្រឹមស្មើដោយបញ្ញា របស់អានន្ទនុ៎ះ មិនងាយនឹងរកបានទេ។