[១៩] ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ៣ ជាអ្នកមិនគួរបានភោគៈ ដែលមិនទាន់បានផង មិនគួរធ្វើភោគៈ ដែលរកបានហើយ ឲ្យចំរើនឡើងផង។ អង្គ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ មិនចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងបុព្វណ្ហសម័យ ១ មិនចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ មិនចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ៣នេះឯង រមែងមិនគួរបានភោគៈ ដែលមិនទាន់បានផង មិនគួរធ្វើភោគៈ ដែលរកបានមកហើយ ឲ្យចំរើនឡើងផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣ មិនគួរបានកុសលធម៌ ដែលមិនទាន់បានផង មិនគួរធ្វើកុសលធម៌ ដែលកើតហើយ ឲ្យចំរើនឡើងផង ក៏យ៉ាងនោះដែរ។ ធម៌៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនអធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងបុព្វណ្ហសម័យ ១ មិនអធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១មិនអធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។