ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣នេះឯង មិនគួរបានកុសលធម៌ ដែលមិនទាន់បានផង មិនគួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ៣ ទើបគួរបាននូវភោគៈ ដែលមិនទាន់បានមកផង គួរធ្វើភោគៈ ដែលបានមកហើយ ឲ្យចំរើនឡើងផង។ អង្គ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ ចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងបុព្វណ្ហសម័យ ១ ចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ ចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារ ប្រកបដោយអង្គ ទាំង៣ នេះឯង ទើបគួរបាននូវភោគៈ ដែលមិនទាន់បានផង គួរធ្វើភោគៈ ដែលរកបានមកហើយ ឲ្យចំរើនឡើងផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣យ៉ាងគួរបានកុសលធម៌ ដែលមិនទាន់បានផង គួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង ក៏យ៉ាងនោះដែរ។ ធម៌ ៣ យ៉ាង តើដូចម្ដេច។