សភាវៈឯណា ជាទោសក្នុងលោក តថាគតក៏បានចួបប្រទះនូវសភាវៈនោះ ទោសទាំងអម្បាលមាណ ក្នុងលោក ទោសនោះ តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតត្រាច់ ស្វែងរកនូវការរលាស់ខ្លួន ចេញចាកលោក ធម្មជាតណា ជាការរលាស់ខ្លួនចេញក្នុងលោក តថាគត ក៏បានចួបប្រទះធម្មជាតនោះ ការរលាស់ខ្លួនចេញទាំងអម្បាលមាណ ក្នុងលោក ការរលាស់ខ្លួនចេញនោះ តថាគត ក៏បានឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ត្រាស់ដឹងតាមពិត នូវអានិសង្សថាជានិសង្សផង នូវទោសថាជាទោសផង នូវការរលាស់ខ្លួន ចេញចាកលោក ថាជាការរលាស់ខ្លួនចេញផង ដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្ដេជ្ញាថា ជាអ្នកត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត បានត្រាស់ដឹង តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោសថាជាទោសផង នូវការរលាស់ខ្លួន ចេញចាកលោក ថាជាការរលាស់ខ្លួនចេញផង ក្នុងកាលណា