ពួកសត្វ ក៏មិនគប្បីនឿយណាយនឹងទោសនេះ ក្នុងលោកដែរ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែទោសមាននៅក្នុងលោក ទើបពួកសត្វ នឿយណាយក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ខ្លួនចេញនុ៎ះ មិនមានក្នុងលោកទេ ពួកសត្វ ក៏មិនគប្បីរលាស់ខ្លួននេះ ចេញចាកលោកបានដែរ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែការរលាស់ខ្លួនចេញ មាននៅក្នុងលោក ទើបពួកសត្វរលាស់ខ្លួន ចេញចាកលោកបាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមិនទាន់ដឹងច្បាស់ តាមពិតនូវអានិសង្សថាជាអានិសង្សផង នូវទោសថាជាទោសផង នូវការរលាស់ខ្លួន ចេញចាកលោកថា ជាការរលាស់ខ្លួនចេញផង ដរាបណា ម្នាលភិក្ខុទាំងឡាយ សត្វមិនទាន់ប្រាសចេញ មិនទាន់គេចចេញ មិនទាន់រួចផុតស្រឡះ ចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំងសមណព្រហ្មណ៍ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មានចិត្តមិនទាន់ប្រាសចាកព្រំដែនដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែពួកសត្វ ដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ខ្លួនចេញ ចាកលោកថា ជាការរលាស់ខ្លួនចេញផង ក្នុងកាលណា