[១១៤] ម្នាលភិក្ខុទាំងឡាយ ហេតុ៣ យ៉ាងនេះ ដើម្បីកើតឡើងនៃកម្ម។ ៣ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីគាប់ចិត្តកើតឡើងព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាអតីត ១ ម្នាលភិក្ខុទាំងឡាយ សេចក្ដីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាអនាគត ១ ម្នាលភិក្ខុទាំងឡាយ សេចក្ដីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្ដីគាប់ចិត្ត កើតឡើងព្រោះប្រារព្ធ នូវធម៌ជាទីតាំង នៃឆន្ទរាគ ជាអតីត ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានចិត្តត្រិះរិះរឿយៗ ពិចារណារឿយៗ ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគជាអតីត។ កាលបុគ្គលនោះ មានចិត្តត្រិះរិះរឿយៗ ពិចារណារឿយៗ ប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាអតីត សេចក្ដីគាប់ចិត្ត ក៏កើតឡើង បុគ្គលនោះ លុះមានសេចក្ដីគាប់ចិត្តកើតឡើងហើយ តែងប្រកបដោយធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវចិត្ត ដែលប្រកបដោយរាគៈថា ជាសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា សេចក្ដីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាអតីត។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្ដីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ ជាទីតាំង នៃឆន្ទរាគ ជាអនាគត ដូចម្ដេច។