[១១៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ ពួក ដូចម្ដេចខ្លះ។ គឺសុប្បមេយ្យបុគ្គល (បុគ្គលដែលគេប្រមាណដោយងាយ) ១ ទុប្បមេយ្យបុគ្គល (បុគ្គលដែលគេប្រមាណដោយក្រ) ១ អប្បមេយ្យបុគ្គល (បុគ្គលដែលគេប្រមាណមិនបាន) ១។ ម្នាលភិក្ខុទាំងឡាយ ចុះសុប្បមេយ្យបុគ្គល ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកលើកកំពល់ ឆ្មើងឆ្មៃ រពើត រពើង មាត់រឹង និយាយប៉ប៉ាច់ប៉ប៉ោច ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិននឹងធឹង មានចិត្តប្រែប្រួល មានឥន្រ្ទិយបើកចំហ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុប្បមេយ្យបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ចុះទុប្បមេយ្យបុគ្គល ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកមិនលើកកំពស់ មិនឆ្មើងឆ្មៃ មិនរពើតរពើង មិនមានមាត់រឹង មិននិយាយប៉ប៉ាច់ប៉ប៉ោច ដំកល់ស្មារតី ដឹងខ្លួន មានចិត្តនឹងធឹង មានចិត្តមានអារម្មណ៍តែមួយ សង្រួមឥន្រ្ទិយល្អ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុប្បមេយ្យបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ចុះអប្បមេយ្យបុគ្គល ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ គឺបានដល់ភិក្ខុ ជាអរហំ ខីណាស្រព ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អប្បមេយ្យបុគ្គល។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះឯង រមែងមាននៅក្នុងលោក។