ទាំងអស់ ដែលជាប្រមាណអាយុ របស់ពួកទេវតាទាំងនោះ ហើយក៏បរិនិព្វាន ក្នុងភពនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្ដីប្លែក នេះជាសេចក្ដីអធិប្បាយ នេះជាអំពើផ្សេងៗគ្នា នៃអរិយសាវក អ្នកចេះដឹង និងបុថុជ្ជនអ្នកមិនចេះដឹង កាលបើនៅមានគតិភព និងឧបបត្តិភពនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត បុគ្គលពួកមួយ ក្នុងលោកនេះ កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ដូច្នេះបុគ្គលនោះ ត្រេកអរនឹងឈាននោះ ប្រាថ្នានូវឈាននោះ ដល់នូវសេចក្ដីត្រេកអរ ដោយឈាននោះ ឋិតនៅក្នុងឈាននោះ សម្រាកនៅក្នុងឈាននោះ សម្រេចសម្រាន្តនៅដោយច្រើន ក្នុងឈាននោះ មិនសាបសូន្យ (ចាកឈាននោះ) កាលធ្វើមរណកាលទៅ ក៏ទៅកើតជាមួយនឹងទេវតា ដែលកើតក្នុងជាន់វិញ្ញាណញ្ចាយតនៈ។ ម្នាលភិក្ខុទាំងឡាយ ប្រមាណអាយុនៃពួកទេវតា ដែលកើតក្នុងជាន់ វិញ្ញាណញ្ចាយតនៈ កំណត់បួនហ្មឺនកប្ប (៤០០០០កប្ប)។ បុថុជ្ជន ដែលឋិតនៅក្នុងភពនោះ ដរាបដល់អស់អាយុ គឺថា កំណត់អស់អាយុទាំងអស់ ដែលជាប្រមាណអាយុ នៃពួកទេវតាទាំងនោះហើយ ទៅកើតក្នុងនរកខ្លះ